រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Our Work
ការ​ងារ​របស់​យើង​
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
យុទ្ធសាស្រ្ត
ពិពណ៌នា​​គម្រោង​ម.ស.ម.ក
គំរោងដែលមានក្នុងពេលបច្ចុប្បន្ន
ការ​ពារ​សេរីភាព​មូលដ្ឋាន
គម្រោងអាជីវកម្ម និងសិទិ្ធមនុស្ស
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
គម្រោង​ការ​ពារ​សិទ្ធិ​មនុស្ស
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
គម្រោង​សង្កេតការណ៍​សវនាការ
គម្រោង​លើក​ស្ទួយ​សមាស​ភាព​ស្រ្តីនៅក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា
គំរោងដែលធ្លាប់មានពីមុន
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត
គម្រោងបណ្តាញសិទិ្ធមនុស្ស
គម្រោងវេទិកាសាធារណៈ
យុទ្ធនាការ
យុទ្ធនាការប្រឆាំង​និ​ទណ្ឌ​ភាព​ ២០១៤
យុទ្ធនាការ​ដើម្បី​បញ្ឈប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ២០១៣
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
យុទ្ទនាការ “ឯណាយុត្តិធម៌ខ្ញុំ”
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
ស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ២០១៤

ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង ឆ្នាំ​២០១៤ នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ ទោះ​បី​ជា​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជា​ច្រើន បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និង​សេរី​ភាព​មូល​ដ្ឋាន​ក៏​ដោយ។ រាជ​រដ្ឋា​ភិបាល​កម្ពុជា (“រដ្ឋា​ភិបាល”) ជា​រឿយៗ​តែង​តែ​ខក​ខាន​ក្នុង​ការ​គោ​រព​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង ហើយ​ផ្ទុយ​មក​វិញ​តែង​តែ​ដាក់​គំ​នាប​ទៅ​លើ​កា​រ​រិះ​គន់។ ក្នុង​អំ​ឡុង ឆ្នាំ២០១៣ និង ឆ្នាំ​២០១៤ នៅ​កម្ពុជា ចំនួន​នៃ​ការ​ធ្វើ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​មាន​ការ​កើន​ឡើង​ជា​ច្រើន និង​មាន​ការ​បង្រ្កាប​ដោយ​ហិង្សា​ជា​ច្រើន​ផង​ដែរ ខណៈ​ដែល​ក្រុម​កម្ម​ករ​រោង​ចក្រ និង​កម្ម​ករ​មក​ពី​វិស័យ​ផ្សេងៗ បាន​ងើប​ឈរ​ឡើង​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរ​មា និង​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​មួយ​ចំនួន​ទៀត។ បាតុ​កម្ម​របស់​ក្រុម​កម្ម​ករ រួម​ជា​មួយ​ក្រុម​បាតុក​រ​ដ​ទៃ​ទៀ​ត ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង គណ​បក្ស​សង្រ្គោះ​ជាតិ​កម្ពុជា (គ.ស.ជ) ក្នុង​អំឡុង​ការ​ធ្វើ​ពហិកា​ក្នុង​ការ​ចូល​កាន់​តំណែង​ក្នុង​រដ្ឋ​សភា បន្ទាប់​ពី​ជម្លោះ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ២០១៣ ដែល​បន្ត​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៤​។ ​ការ​ធ្វើ​បាតុ​កម្ម​ជា​ច្រើន ត្រូវ​បាន​បំបែក​ដោយ​ហិង្សា បណ្ដាល​ឲ្យ​បាតុករ និ​ង​អ្នក​គ្មាន​កំហុស​ជា​ច្រើន​នាក់​ត្រូវ​ស្លាប់ និង​បាតុ​ករ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រោយ​មក មាន​ការ​ព្រម​ព្រៀង​ដ៏​សំខាន់​ជា​មួយ​សហ​ជីព នៅ​ដើម ឆ្នាំ​២០១៤ នាំ​ឲ្យ​មាន​ការ​ដំ​ឡើង​ប្រាក់​ឈ្នួល និង​មាន​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​រវាង​គណ​បក្ស​កាន់​អំ​ណាច គណបក្ស​ប្រជា​ជន (ប្រ.ជ) និង គ.ស.ជ ដែល គ.ស.ជ យល់​ព្រម​ចូល​ទៅ​ធ្វើ​ការ​ក្នុង​រដ្ឋសភា​វិញ។ សកម្ម​ជន​សិទ្ធិ​មនុស្ស រួម​ទាំង​សកម្ម​ជន​សិទ្ធិ​ដី​ធ្លី និង​ផ្ទះ​សម្បែង និង​អ្នក​សារព័ត៌​មាន ដែល​មាន​មតិរិះ​គន់​រដ្ឋា​ភិ​បាល តែង​ត្រូវ​បាន​យា​យី ចាប់​ខ្លួន និង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ផ្នែក​ព្រហ្ម​ទណ្ឌ ក្នុង​គោល​បំណង​គំរាម​កំហែង និង​បំ​បិទ​មាត់​ពួក​គាត់។



​សេរីភាព​ខាង​ការជួបប្រជុំ និង​បង្កើត​សមាគម

​សេរីភាព​ខាង​ការជួបប្រជុំ​ដោយ​សន្តិវិធី តែងតែ​ត្រូវបាន​រឹតបន្តឹង​។ ក្នុង​ខែមករា ឆ្នាំ​២០១៤ រដ្ឋាភិបាល​ប្រកាសថា​សិទ្ធិ​ធ្វើការ​ប្រឆាំង​តវ៉ា និង​ការធ្វើ​បាតុកម្ម នឹងត្រូវ​ផ្អាក​សិន​រហូត​ទាល់តែ “​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​ត្រលប់​មកកាន់​ស្ថានភាព​ដើម​វិញ​”​។  ទីលាន​ប្រជាធិបតេយ្យ កន្លែង​សាធារណៈ​ដែល​បង្កើតឡើង​ជាពិសេស​សម្រាប់​ការបញ្ចេញមតិ ត្រូវបាន​ហាម​ចូល​។ ការ​រឹតបន្តឹង​នេះ​ធ្វើឡើង​បន្ទាប់ពី​ការបង្ក្រាប​ពី​សំណាក់​កងកម្លាំង​សន្តិសុខ ទៅលើ​ការប្រមូលផ្ដុំ​របស់​កម្ម​ករ​រោងចក្រ​ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​។  នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ ព្រះសង្ឃ​ចំនួន ៥ អង្គ​ត្រូវបាន​ចាប់ខ្លួន ជាមួយនឹង​សកម្មជន​សហជីព និង​កម្មករ​រោងចក្រ​ចំនួន ១០ នាក់ នៅ​រោងចក្រ យ៉ាក ជីន នៅ​ជាយ​ទីក្រុង​ភ្នំពេញ​។ ក្នុងអំឡុង​ការចាប់ខ្លួន​នោះ ក៏​ឃើញ​មាន​មន្ត្រីនគរបាល​វាយដំ​លើ​ក្រុមបាតុករ​ផងដែរ​។  នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ មាន​មនុស្ស​ចំនួន ១៣ នាក់ បន្ថែមទៀត ត្រូវបាន​ចាប់ខ្លួន នៅក្នុង​បាតុកម្ម​នៅលើ​មហា​វិ​ថិ វេ​ង ស្រេង​។ បន្ទាប់​ពី​មានការ​ឆ្លើយតប​ទាំង​កំហឹង​ពី​ក្រុមបាតុករ​ផ្សេងទៀត កងកម្លាំង​សន្តិសុខ​បាន​បាញ់ប្រហារ​ដោយ​ប្រើ​គ្រាប់​ពិត ទាំង​មិន​រើសមុខ​ទៅលើ​ក្រុមបាតុករ​ទាំងនោះ​។ មនុស្ស​ចំនួន ៤ នាក់​ត្រូវស្លាប់ និង​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស​។ មិនតែប៉ុណ្ណោះ ខឹម សុផាត អាយុ ១៦ ឆ្នាំ ត្រូវបាន​បាត់​ខ្លួន ដោយ​មុនពេល​បាត់​ខ្លួន​មាន​មនុស្ស​ឃើញថា​គេ​រង​ការបាញ់ប្រហារ​នៅត្រង់​ពោះ មក​ទល់​ពេល​នេះ​​នៅ​មិនទាន់មាន​ដំណឹង​ណា​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ត្រី​សកម្មជន​ចំនួន ៧ នាក់ មកពី​សហគមន៍​បឹងកក់ ដែលមាន​អ្នកស្រី ង៉ែត ឃុន សុង ស្រី​លាភ អ្នកស្រី​គង់ ចន្ថា​, ផាន់ ឈុន​រ៉េត​, បូ ឆវី និង នង ស្រេង ត្រូវបាន​ចាប់ខ្លួន ហើយ​រង​ការចោទប្រកាន់​ពីបទ​ប្រឆាំងនឹង​មន្ត្រី​សាធារណៈ ត្រូវបាន​សម្រេច​ក្ដី និង​ផ្តន្ទាទោស ក្នុង​រយៈពេល ៣៦ ម៉ោង ដោយ​ម្នាក់ៗ​ទទួលទោស​ជាប់ពន្ធនាគារ​ទណ្ឌ​អតិបរិមា​រយៈពេល ១​ឆ្នាំ និង​ការពិន័យ​ជា​ប្រាក់​ចំនួន ៥០០ ដុល្លារ​សហរដ្ឋអាមេរិក​។  អ្នក​ទាំងអស់​ធ្វើការ​ប្រឆាំង​តវ៉ា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្ដល់​សំណង​ចំពោះ​ទឹក​លិច​ក្នុង​សហគមន៍​របស់​ពួកគេ​។ តំបន់​នេះ​បាន​រងគ្រោះ​ដោយសារ​ទឹក​លិច​តាំងពី ឆ្នាំ​២០០៨ ពេលដែល​ក្រុមហ៊ុន ស៊ូ​កា​គូ អ៊ី​ន បាន​ចាក់ដី​ខ្សាច់​បំពេញ​បឹង​ដើម្បី​អភិវឌ្ឍ​។ ក្រោយមក​មាន​ស្ត្រី​ចំនួន ៣ នាក់ និង​ព្រះសង្ឃ​មួយអង្គ​ទៀត ត្រូវ​ប្រឈមមុខ​នឹង​ទង្វើ​ស្រដៀង​គ្នា​នេះដែរ​នៅក្នុង​ថ្ងៃ​បន្ទាប់ ពួកគេ​រង​ការចាប់​ឃុំខ្លួន ខណៈ​ធ្វើបាតុកម្ម​ប្រឆាំង​ដោយ​សន្តិវិធី​នៅក្រៅ​តុលាការ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​បណ្ដា​សកម្មជន ហើយ​ដែល​រង​ការផ្តន្ទាទោស​ពីបទ​ប្រឆាំងនឹង​មន្ត្រី​សាធារណៈ​។​

​លោក មា​ច សុវណ្ណារ៉ា លោក ទេព ណារិន លោក អ៊ុក ពេជ្រ​សំណាង លោក ស៊ុំ ពុ​ទ្ធី និង លោក កែ ឃឹម​មកពី គ​.​ស​.​ជ ក៏​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​កុប្បកម្ម​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ដែល​កើតឡើង​ក្នុង​ខែកក្កដា ឆ្នាំ​២០១៤ ក្នុងអំឡុង​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​ភ្នំពេញ​ឡើងវិញ​។ ក្រុមការងារ ម​.​ស​.​ម​.​ក បាន​ចូលរួម​សវនាការ​ស្នើសុំ​នៅក្រៅ​ឃុំ​របស់​បុគ្គល​ទាំង​ប្រាំ​ខាងលើ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤​។ ក្នុងករណី​របស់លោក មា​ច សុវណ្ណារ៉ា ការស្នើសុំ​នៅក្រៅ​ឃុំ​ត្រូវបាន​បដិសេធ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ថា ប្រសិនបើ​មានការ​ដោះលែង នោះ​លោក​អាច​នឹងចូលរួម​ធ្វើបាតុកម្ម និង​គំរាមកំហែង​ទៅលើ​សណ្ដាប់ធ្នាប់​សាធារណៈ​ទៀត ហើយ​ការស្នើសុំ​នៅក្រៅ​ឃុំ​របស់ ទេព ណារិន និង​អ្នកដទៃ​ត្រូវបាន​បដិសេធ ដោយ​ផ្អែកលើ​មូលដ្ឋាន​មិន​ច្បាស់លាស់​ថា​ពួកគេ​អាច​នឹង​ខកខាន​ក្នុងការ​បង្ហាញខ្លួន​នៅ​តុលាការ ប្រសិនបើ​មានការ​កោះហៅ ឬ​អាច​បង្ក​អស្ថិរភាព​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។ អ្នក​ទាំង ៥ ត្រូវបាន​បដិសេធ​ការស្នើសុំ​នៅក្រៅ​ឃុំ ម្ដងទៀត​ដោយសារ​ហេតុផល​ដដែល​នេះ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥​។ ដូច​បានកត់សម្គាល់​ដោយ​អ្នករាយការណ៍​ពិសេស  ថា​ពេលវេលា​នៃ​ការចាប់​ឃុំខ្លួន គឺ​អំឡុងពេល​ការចរចា​ស្ដីពី​ការ​កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​នេះ​បង្ហាញថា​អាច​នឹងមាន​ហេតុផល​នយោបាយ​នៅ​ពីក្រោយ​។​

​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម ត្រូវបាន​ការពារ​ក្នុង​ច្បាប់​កម្ពុជា​។ មាត្រា ៣៦ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (“​រដ្ឋធម្មនុញ្ញ​”) បាន​ចែងថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ក្នុងការ “​បង្កើត និង​ចូល​ជា​សមាជិក​នៃ​សហជីព​”  ខណៈដែល​មាត្រា ៣៧ ធានា​សិទ្ធិ​ចូលរួម​ធ្វើ​កូដកម្ម និង​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ បន្ថែម​ពីលើ​នោះ មាត្រា ២៦៦ នៃ​ច្បាប់​ការងារ បាន​ចែងថា​កម្មករ និង​និយោជក​មាន​សិទ្ធិ​បង្កើត​អង្គការ​វិជ្ជាជីវៈ​តាម​ការជ្រើសរើស​របស់​ខ្លួន សម្រាប់តែ​ការសិក្សា លើកតម្កើង​ផលប្រយោជន៍ និង​ការការពារ​សិទ្ធិ​ចំពោះ​បុគ្គល​ដែល​លក្ខន្តិកៈ​របស់​អង្គការ​នោះបាន​កំណត់​។

​ក្នុង​ដើមខែ​មករា ឆ្នាំ​២០១៤ មាន​សមាជិក​យ៉ាងហោចណាស់ ៥០ នាក់ នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ និង​សម្ព័ន្ធ​សហជីព​កម្ពុជា ត្រូវបាន​ដេញចេញ​ពី​រោងចក្រ​មួយចំនួន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មែន​ហាត់​តាន់​ខេត្តស្វាយរៀង ដោយ​រង​ការចោទប្រកាន់ថា​បាន​ចូលរួម​ធ្វើ​កូដកម្ម ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០១៣​។  បន្ថែម​ពីលើ​នោះ រដ្ឋាភិបាល​បានបញ្ជាក់​ថា ប្រសិនបើ​សហជីព​ចូលរួម​ក្នុង​ការធ្វើ​កូដកម្ម​បន្ថែមទៀត អាជ្ញាប័ណ្ណ​របស់​ពួកគេ​នឹងត្រូវ​បាន​ព្យួរ ឬ​លុបចោល ខណៈដែល​មេដឹកនាំ​សហជីព​អាច​នឹង​ប្រឈម​នឹង​ការប្ដឹង​ផ្ដល់​។  បន្ទាប់ពី​ការតវ៉ា​របស់​កម្មករ​រោងចក្រ​ក្នុង​ខែមករា លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ត្រូវបាន​តុលាការ​ទីក្រុង​ភ្នំពេញ​កោះហៅ ដើម្បី​សាកសួរ​អំពី​ការ​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស និង​បង្ក​អសន្តិសុខ​សង្គម​។

សេរីភាព​ខាង​ការបញ្ចេញមតិ​

​ប្រព័ន្ធយុត្តិធម៌​តែងតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​យាយី​ដល់​បុគ្គល​ដែល​រិះគន់​រដ្ឋាភិបាល​។ អ្នកការពារ​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន មេដឹកនាំ​សហជីព និង​តំណាង​សហគមន៍ តែងតែ​ប្រឈម​ការកោះហៅ និង​ការចោទប្រកាន់ ឬ​ការខូចខាត​ផ្នែក​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី និង​ជម្លោះ​ការងារ​។ ប្រទេស​កម្ពុជា​ត្រូវ​ធ្លាក់​មួយ​លំដាប់​ក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ធ្លាក់​មក​ត្រឹម​លេខ​ទី ១៤៤ ក្នុងចំណោម​ប្រទេស​ទាំង ១៨០ ប៉ុន្តែ​បាន​ឡើង​មកវិញ​ក្នុង​លំដាប់ ១៣៩ ក្នុង ឆ្នាំ​២០១៥​។​

​ក្នុង​ខែតុលា ឆ្នាំ​២០១៤ អ្នកសារព័ត៌មាន​ក្នុង​ខេត្តក្រចេះ គឺជា​អ្នកសារព័ត៌មាន​ទី ១៣ ដែល​ត្រូវបាន​សម្លាប់​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤ ខណៈដែល​កំពុងតែ​រាយការណ៍​ពី​ការកាប់​ឈើ​ខុសច្បាប់​។  ជនសង្ស័យ​ក្នុង​បទល្មើស​នេះ​រួមមាន​មន្ត្រីនគរបាល និង​មន្ត្រី​ទាហាន​។​

​រដ្ឋាភិបាល បានចេញ​ផ្សាយ​សេចក្ដីព្រាងច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ខែធ្នូ ឆ្នាំ​២០១១​។  សេចក្ដីព្រាងច្បាប់​នេះ​មានចែង​ពី​ដំណើរការ​ចុះបញ្ជី​ជា​កាតព្វកិច្ច និង​មាន​ភាពស្មុគស្មាញ សម្រាប់​អង្គការ​សង្គម​ស៊ីវិល រួមទាំង​ការ​រឹតបន្តឹង​ហួសហេតុ​មកលើ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ និង​មានចែង​ពាក្យពេចន៍​មិន​ច្បាស់លាស់ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ពន្យារពេល​ការស្នើសុំ​ចុះឈ្មោះ​ដោយ​គ្មាន​កាលកំណត់ ឬក៏​បដិសេធ​ការស្នើសុំ​ចុះឈ្មោះ​របស់​អង្គ​ការដែល​រិះគន់​រដ្ឋាភិបាល​។ បន្ទាប់ពី​មានការ​ប្រឆាំង​យ៉ាងច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ច្បាប់​ក្នុង​ផ្លូវខុស​ដើម្បី​ដៅ​មុខសញ្ញា​មកលើ​អ្នក​រិះគន់ និង​រឹតត្បិត​សេរីភាព​ខាង​ការបញ្ចេញមតិ រដ្ឋាភិបាល​បាន​ប្ដេជ្ញាចិត្ត​ពន្យារ​ច្បាប់​នេះ ដើម្បី​រង់ចាំ​កិច្ច​ពិគ្រោះ​យោបល់​បន្ថែមទៀត​។ ប៉ុន្តែ ក្នុង​ចុងឆ្នាំ​២០១៤ និង​ដើម ឆ្នាំ​២០១៥ មន្ត្រី​រដ្ឋាភិបាល​បានប្រកាស​ជាច្រើនលើក​ច្រើនសារ បញ្ជាក់ថា​ច្បាប់​នេះ​អាច​នឹងត្រូវ​បានអនុម័ត​នាពេល​អនាគត​ខាងមុខ ដែល​បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​ជាថ្មីទៀត​ស្ដីពី​ច្បាប់ ដែល​អាច​នឹងត្រូវ​អនុម័ត​ដោយ​គ្មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​។

​អ្នកការពារ​សិទ្ធិមនុស្ស​

សេចក្ដីប្រកាស​ស្ដីពី​អ្នកការពារ​សិទ្ធិមនុស្ស  បានបញ្ជាក់​បន្ថែម​ពី​សិទ្ធិ​ក្នុងការ​លើកកម្ពស់ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ និង​ទទួលស្គាល់​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន  សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ  និង​សិទ្ធិ​ជួបប្រជុំ​ដោយ​សន្តិវិធី  និង​សិទ្ធិ​ក្នុងការ​បង្កើត និង​ចូលរួម​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម និង​ក្រុម​។  បន្ថែម​ពីលើ​នោះ​ទៀត យោងតាម​មាត្រា ១២ (២) អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ការពារ​អ្នកការពារ​សិទ្ធិមនុស្ស​ពី​ការចាប់ខ្លួន អំពើហិង្សា ការគំរាមកំហែង ការសង​សឹក និង​ការរើសអើង​ណាមួយ​ដែល​កើតឡើង​ដោយសារ​សកម្ម​ភាពជា​អ្នកការពារ​សិទ្ធិមនុស្ស​របស់​ពួកគេ ហើយ​សេចក្ដីប្រកាស​នេះ​ថែមទាំង​កត់សម្គាល់​ថែម​ទៀតថា​អ្នកការពារ​សិទ្ធិមនុស្ស​ត្រូវតែ​ទទួលបាន​ការការពារ​ពី​ច្បាប់​ជាតិ​។

​រដ្ឋាភិបាល​មិនទាន់បាន​បង្កើត​គោលនយោបាយ ឬ​យន្តការ​ឯករាជ្យ​ដើម្បី​ការពារ​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​ប្រឈម​នឹង​ការ​គំរាម​កំហែង ការ​យា​យី និង​អំពើហិង្សា​ផ្នែក​រូបរាងកាយ​នោះទេ​។​
​ការអនុវត្ត​នៃ​ការបង្ខំ​ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស​ចុះហត្ថលេខា យល់ព្រម​មិន​ចូលរួម​ក្នុង​សកម្មភាព “​ខុសច្បាប់​” ដទៃទៀត​នាពេល​អនាគត ដូចជា ការធ្វើ​បាតុកម្ម​នោះបាន​កើតឡើង​ជាច្រើន​ក្នុង​ឆ្នាំ​២០១៤​។ នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ សកម្មជន​ចំនួន ៥ នាក់ ពី​សហគមន៍​បឹងកក់ ត្រូវបាន​ចាប់ខ្លួន​ខណៈដែល​ពួកគេ​ដើរ​ដង្ហែ​ក្បួន​ទៅកាន់​ស្ថានទូត​បារាំង ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក វន់ ពៅ និង​ក្រុមបាតុករ​សន្តិវិធី​ដទៃទៀត​ដែល​កំពុង​ត្រូវ​ឃុំខ្លួន​។ បន្ទាប់ពី​ការចាប់ខ្លួន ពួកគេ​បាន​ប្រាប់ថា​ពួកគេ​នឹង​អាច​ដោះលែង ប្រសិនបើ​ពួកគេ​ព្រម​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​ថា​នឹងមិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​ផ្សេងទៀត​នាពេល​អនាគត​។  នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ សកម្មជន និង​ក្រុមបាតុករ​ចំនួន ១១ នាក់ ត្រូវបាន​ចាប់ខ្លួន ក្នុងពេលដែល​ចូលរួម​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មានការ​ដោះលែង​បុគ្គល​ចំនួន ២៣ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុង​ការបង្ក្រាប​ទៅលើ​កម្មករ​រោងចក្រ​កាលពី​ដើមខែ​នោះ​។ ពួកគេ​ត្រូវបាន​កងកម្លាំង​សន្តិសុខ ខណ្ឌដូនពេញ ចាប់ខ្លួន និង​នាំយក​ទៅកាន់​ប៉ុស្តិ៍នគរបាល​រាជធានី​ភ្នំពេញ​។ ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​អះអាងថា​នឹងមិន​ញុះញង់ ឬ​ចូលរួម​ក្នុង “​សកម្មភាព​ខុសច្បាប់​” ឬ ការធ្វើ​បាតុកម្ម ពួកគេ​ក៏ត្រូវ​បាន​ដោះលែង​។  ក្នុង​ឆ្នាំ ២០១៤ ម​.​ស​.​ម​.​ក បាន​ចងក្រង​ករណី​ចំនួន ៥ ស្ដីពី​ការអនុវត្ត​បែបនេះ ដោយ​ប៉ះពាល់​ដល់​មនុស្ស​ចំនួន ៣២ នាក់​។ ការអនុវត្ត​បែបនេះ បាន​រឹតបន្តឹង​យ៉ាងធ្ងន់ធ្ងរ​មកលើ​សមត្ថ​ភាព​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ក្នុងការ​អនុវត្ត​ការងារ​របស់​ពួកគេ ដោយសារ​ថា​ការធ្វើ​បែបនេះ​ជាការ​គំរាមកំហែង​ថា​អាច​នឹងមាន​ការចាប់ខ្លួន​នាពេល​អនាគត​។​

​ក្នុងអំឡុង​ការត្រួតពិនិត្យ​ជា​សាកល​តាម​ពេល​វ​លា​កំណត់ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ មាន​ប្រទេស​មួយចំនួន​បានផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល បង្កើន​ប្រសិទ្ធភាព​នៃ​ការការពារ​អ្នកការពារ​សិទ្ធិមនុស្ស ឧទាហរណ៍ តាមរយៈ​ការចូលរួម​ក្នុង​កិច្ចសន្ទនា​ថ្នាក់ជាតិ​ដ៏​មាន​អត្ថន័យ ជាមួយនឹង​អ្នកការពារ​សិទ្ធិមនុស្ស ដោយ​ស្របទៅនឹង​បទដ្ឋាន​សេរីភាព​បញ្ចេញមតិ​អន្តរជាតិ និង​បញ្ឈប់​សកម្មភាព​គំរាមកំហែង និង​ការយាយី​ផ្សេងៗ​។

​ធុរកិច្ច និង​សិទ្ធិមនុស្ស​

 ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​កើនឡើង​ជាខ្លាំង បន្ទាប់ពី​មានការ​បង្កើត​សេដ្ឋកិច្ច​ទីផ្សារសេរី​ក្នុង​ឆ្នាំ​១៩៩៣​។ ក្នុង​រយៈពេល​ពីរ​ទស្ស​វត្សរ៍​កន្លងមក ឧស្សាហកម្ម​នេះ​បាន​កើនឡើង ហើយ​ក្លាយទៅជា​ប្រភព​ចំណូល​ធំ​បំផុត​របស់​ប្រទេស ដោយ​រួមចំណែក ៨០% នៃ​ការនាំចេញ​សរុប​របស់​ប្រទេស​។ យោងតាម​ក្រសួង​ការងារ​វិស័យ​​ស្បែក​ជើង សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ ក្នុងពេល​បច្ចុប្បន្ន​បាន​បង្កើត​ការងារ​ដល់​មនុស្ស​ប្រហែលជា ៦២០,០០០ នាក់ និង​រកប្រាក់​ចំណូល​បាន ៥.៥ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង ឆ្នាំ​២០១៣​។​

​កម្មករ​រោងចក្រ​នៅ​កម្ពុជា​ជួបប្រទះ​នឹង​បញ្ហាលំបាក​ជាច្រើន​។ រោងចក្រ​ជាច្រើន​ជួបប្រទះ​នឹង​បញ្ហា​រឿង​ខ្យល់​ចេញចូល និង​ការ​ហត់នឿយ ដែល​តែងតែ​បណ្ដាល​ឲ្យ​កម្មករ​រោងចក្រ​សន្លប់ ដែល​ពេលខ្លះ​គឺមាន​ចំនួន​ច្រើន ហើយ​របាយការណ៍​នៃ​ការដួលសន្លប់​កើនឡើង​រហូតដល់ ១០៩% ចាប់ពី ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៤​។  យោងតាម​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បាន​ប្រមូល​ទិន្នន័យ​នៅ​ចន្លោះ​ខែឧសភា ឆ្នាំ​២០១៣ និង​ខែមេសា ឆ្នាំ​២០១៤ បានបង្ហាញ​ពី “​រូបភាព​ច្របូកច្របល់​រវាង​លក្ខខណ្ឌ​ការងារ និង​ការគោរព​សិទ្ធិ​កម្មករ​””​។ ឧទាហរណ៍ របាយការណ៍​បាន​បញ្ជាក់ថា​មានការ​កើនឡើង​តិចតួច​ចំពោះ​ការបើកប្រាក់​ឈ្នួល​ត្រឹមត្រូវ ប៉ុន្តែ​មានការ​កើនឡើង​ចំនួន ៤% នៃ​រោងចក្រ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ពលកម្ម​កុមារ​។

​បន្ទាប់ពី​មានការ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដែល​ដឹកនាំ​ដោយ​ក្រុមកម្មករ​រោងចក្រ និង​កម្មករ​ផ្សេងទៀត​ក្នុង ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ប្រាក់​ឈ្នួល​អប្ប​បរិ​មា​របស់​កម្មករ​រោងចក្រ​កើនឡើង​ដល់ ១២៨ ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយខែ​សម្រាប់​ការងារ​ពេញ​ម៉ោង ដែល​នោះ​ស្មើនឹង ៨ ដុល្លារ​សហរដ្ឋអាមេរិក លើ​បន្ទាត់​ភាពក្រីក្រ​របស់​អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដូច​បានកំណត់  ដោយ​ក្រសួងផែនការ​។

​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌

ក្នុង​ឆ្នាំ​២០១៤ គឺជា​ឆ្នាំ​ដើរ​ថយក្រោយ​នៃ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ឯករាជ្យភាព​របស់​តុលាការ​។ បន្ទាប់ពី​មាន​កិច្ច​សន្យាថា​នឹងមាន​កំណែទម្រង់​តុលាការ​របស់​រដ្ឋាភិបាល ចាប់តាំងពី ឆ្នាំ​២០១៥ ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ រដ្ឋសភា​បានអនុម័ត​ច្បាប់​ស្ដីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​របស់​អង្គ​តុលាការ ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តុលាការ និង​ព្រះរាជអាជ្ញា​។ សេចក្ដីព្រាងច្បាប់​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ទាំង​អាថ៌កំបាំង ដោយ​មិនបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ឬ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល សាធារណជន ឬ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជាមុន​នោះទេ​។​
​   
​ច្បាប់​បានផ្ដល់​អំណាច​លើសលប់​ដល់ ក្រសួងយុត្តិធម៌ និង​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ ការ​នេះ បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​កម្រិត​នៃ​ការជះឥទ្ធិពល​របស់​ក្រសួងយុត្តិធម៌​ទៅលើ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​នេះ​ជាការ​រំលោភបំពាន​លើ​ការបែងចែក​អំណាច ហើយ​ប៉ះពាល់​ដល់​ឯករាជ្យភាព​តុលាការ​។ ជាពិសេស ច្បាប់​ទាំងនេះ​រំលោភ​លើ មាត្រា ៥១, ១២៨ និង ១៣២ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ១៤ (១) នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​ហត្ថលេខី​។ ចាប់តាំងពី​ច្បាប់​នេះ​ត្រូវបាន​លើក​យកមក​ពិភាក្សា បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ស្ដីពី​ការពាក់ព័ន្ធ​របស់​អង្គនីតិប្រតិបត្តិ​ក្នុង​សេចក្ដីសម្រេច របស់​តុលាការ​ផងដែរ​។​

​សិទ្ធិ​ដីធ្លី

​ការរំលោភ​សិទ្ធិ​ដីធ្លី នៅតែ​ជា​ទម្រង់ការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ និង​រាលដាល​ជាខ្លាំង​ក្នុង ឆ្នាំ​២០១៤​។ ទោះបីជា​មានការ​ការពា​រ​ក្នុង​ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ​ក៏ដោយ ការជួល​ដី​ទូទាំងប្រទេស​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច អ​សុវត្ថិភាព​នៃ​កម្មសិទ្ធិ​ដីធ្លី ដោយសារតែ​កង្វះខាត​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ផ្លូវការ និង​ភាពទន់ខ្សោយ​នៃ​នីតិរដ្ឋ នៅតែ​បន្ត​នាំ​ឲ្យ​មាន​ជម្លោះដីធ្លី​។​

​ជារឿយៗ ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការអះអាង​ជា​ម្ចាស់​កម្មសិទ្ធិ របស់​ក្រុមហ៊ុន​មានអំណាច ពួកគេ​តែងតែ​រង​ការយាយី និង​ការវាយប្រហារ ដែល​រដ្ឋាភិបាល​តែង​ខកខាន​ក្នុងការ​ស្វែងរក​ជនល្មើស​មក​ដាក់ទោស​។ ម​.​ស​.​ម​.​ក បាន​លើក​បញ្ហា​ទាំងអស់នេះ ក្នុង​លិខិត​ចំហ​ក្នុង​ខែសីហា ឆ្នាំ​២០១៤ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​យុទ្ធសាស្ត្រ​នៅ​គ្រប់​ថ្នាក់​រដ្ឋាភិបាល និង​ក្នុង​វិស័យ​ឯកជន​ដើម្បី​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ជម្លោះដីធ្លី​។

នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​ស្ត្រី​សកម្មជន​ចំនួន ៧ នាក់ មកពី​សហគមន៍​បឹងកក់​ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់​ពីបទ​ប្រឆាំង​មន្ត្រី​សាធារណៈ ដោយ​ពួកគេ​ត្រូវ​សម្រេចសេចក្ដី និង​ផ្ដន្ទាទោស​ក្នុង​រយៈពេល ៣៦ ម៉ោង ដោយ​ទទួល​ទោសទណ្ឌ​ជាប់ពន្ធនាគារ​អតិបរិមា​ចំនួន ១ ឆ្នាំ និង​ប្រាក់​ពិន័យ​ចំនួន ៥០០ ដុល្លារ​សហរដ្ឋ​​អាមេរិក​។

នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក លី ស្រ៊ា​ខេង និង​កូនស្រី​របស់លោក កញ្ញា លី សៀវ​មិញ ត្រូវបាន​ចាប់ខ្លួន ដោយសារតែ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន ឃុន សៀ អ៊ឹម​ផត អ៊ិ​ច​ផត បន្ទាប់ពី​ពួកគេ​បដិសេធ​ក្នុងការ​ចាកចេញ​ពី​ដី​នៅក្នុង​តំបន់​បឹងកក់ ១ នៅ​ខណ្ឌទួលគោក ដែល​ពួកគេ​រស់នៅ​តាំងពី ឆ្នាំ​១៩៨២​។  ក្រុមគ្រួសារ​នេះ​រងគ្រោះ​ពី​ការគំរាមកំហែង​ដល់​ជីវិត ការវាយប្រហារ​ដោយ​ហិង្សា និង​ការគំរាមកំហែង ជា​លទ្ធផល​នៃ​ជម្លោះដីធ្លី​នេះ​។  មន្ត្រីនគរបាល ចាប់ខ្លួន​លោក ខេង ដោយ​មិនបាន​បង្ហាញ​ពី​ដីកាចាប់ខ្លួន ដែលជា​ការរំលោភបំពាន​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ និង​នាំខ្លួន​លោក​ទៅដោយ​មិនបាន​ផ្ដល់​ពេលវេលា​ឲ្យ​លោក​បាន​ស្លៀកពាក់​ត្រឹមត្រូវ​នោះទេ​។ យោងតាម​ព័ត៌មាន​ដែល​មេធាវី​របស់ ម​.​ស​.​ម​.​ក តំណាង​ឲ្យ​ក្រុមគ្រួសារ នា​ល្ងាច​ថ្ងៃនោះ​បាន​ឲ្យ​ដឹងថា តំណាង​ក្រុមហ៊ុន ឃុន សៀ ទាក់ទង​កូនប្រុស​របស់លោក ខេង ដើម្បី​បន្ត​ការចរចា​លើដី​ជម្លោះ ដែល​នេះ​បង្ហាញ​ពី​ការប្រើប្រាស់​តុលាការ​ដើម្បី​គាបសង្កត់​លើ​ក្រុមគ្រួសារ​។ លោក​ខេង ត្រូវ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​នៅ​ថ្ងៃទី ៥ ខែធ្នូ ប៉ុន្តែ​ការស្នើសុំ​នៅក្រៅ​ឃុំ​របស់​កូនស្រី​របស់លោក​ត្រូវបាន​បដិសេធ​នៅ​ថ្ងៃទី​៥ ខែមករា ដោយ​ផ្អែកលើ​មូលដ្ឋាន​មិន​ច្បាស់លាស់ ថា​នេះ​ជាការ​ចាំបាច់​ក្នុងការ​ការពារ​ការបង្ក​បទល្មើស​បន្ថែមទៀត ការពារ​ការបំផ្លាញ​ភស្តុតាង ឬ​ការគំរាមកំហែង​ទៅលើ​សាក្សី​។ លោក​ខេង និង​ក្រុមគ្រួសារ​បាន​ព្យាយាម​ជាច្រើន​ដង​ក្នុងការ​ចុះបញ្ជី​ដី​របស់លោក​ជាមួយ​អាជ្ញាធរ តែ​មិនបាន​សម្រេច​។ ផ្ទុយទៅវិញ អាជ្ញាធរ​មិនបាន​ចាត់វិធានការ​ណាមួយ​លើ​ពាក្យបណ្ដឹង​របស់លោក ខេង ស្ដីពី​ការគំរាមកំហែង និង​ការវាយប្រហារ​ទៅលើ​ក្រុមគ្រួសារ​របស់លោក ពី​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន ឃុន សៀ នោះទេ​។​

​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​

​ខណៈដែល​ការស្រលាញ់​ភេទ​ដូចគ្នា មិនត្រូវ​បានចាត់ទុក​ជា​បទល្មើស​ក្នុងប្រទេស​កម្ពុជា ស្ត្រី​ស្រលាញ់​ស្ត្រី បុរស​ស្រលាញ់​បុរស អ្នក​ស្រលាញ់​ទាំង​ពីរភេទ និង​អ្នក​ប្ដូរ​ភេទ (“​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​”) បាន​ប្រាប់ ម​.​ស​.​ម​.​ក ថា​ពួកគេ​រង​ការរើសអើង និង​យាយី​ដោយសារតែ​និន្នាការ​ភេទ ឬ​អត្តសញ្ញាណ​យេនឌ័រ​របស់​ពួកគេ​។ ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ ម​.​ស​.​ម​.​ក បាន​ជួបនឹង​អ្នករាយការណ៍​ពិសេស​របស់​កម្ពុជា បាន​លើកយក​នូវ​តម្រូវការ​ក្នុងការ​បញ្ជ្រាប​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ទៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​ក្រសួង​រដ្ឋាភិបាល​គ្រប់​កម្រិត​។ ខណៈដែល​រដ្ឋាភិបាល មិនបាន​ចាត់វិធានការ​ផ្នែក​ច្បាប់ ឬ​រដ្ឋបាល ក្នុងការ​ការពារ​ប្រឆាំងនឹង​ការរើសអើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​និន្នាការ​ភេទ ឬ​អត្តសញ្ញាណ​យេនឌ័រ ក្រសួង​កិច្ចការនារី​បានរួម​បញ្ចូល​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ទៅក្នុង នារីរតនៈ​ទី​៤ ដែលជា​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥ ឆ្នាំ ស្ដីពី​សមភាព​យេនឌ័រ និង​ការផ្ដល់អំណាច​ដល់​ស្ត្រី​នៅ​កម្ពុជា ឆ្នាំ​២០១៤-២០១៨​។  បន្ថែម​ពីលើ​នោះ ក្នុង​ឆ្នាំ​២០១៤ ក្រសួង​កិច្ចការនារី​បានចេញ​ផ្សាយ​គោលនយោបាយ​សង្ខេប​ក្នុង​ប្រធានបទ “​សិទ្ធិ ៖ ក្រុម​ងាយ​រងគ្រោះ ស្ត្រី និង​ក្មេងស្រី​”  ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​បញ្ហា​រើសអើង ដែល​ប្រឈម​ដោយ​ស្ត្រី​ស្រលាញ់​ស្ត្រី និង​ស្ត្រី​ស្រលាញ់​ទាំងពីរ​ភេទ និង​អ្នក​ប្ដូរ​ភេទ​។ ចំណុច​នេះ​គឺជា​រឿង​សំខាន់បំផុត ក្នុង​គោលនយោបាយ​ផ្លូវការ ស្ដីពី​ការលុបបំបាត់​ការរើសអើង​លើ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។ ជាពិសេស ផែនការ​រួមទាំង​សកម្មភាព​លើកកម្ពស់​សិទ្ធិ​ស្មើភាព​គ្នា​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ក្នុង​វិស័យ​អប់រំ និង​រៀបចំ​យុទ្ធសាស្ត្រ​ក្នុងការ​ពិគ្រោះ​យោបល់ ជាមួយនឹង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ស្ដីពី​ការបញ្ចប់​ការរើសអើង​មកលើ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ក្នុង​សាលារៀន ក្នុង​កន្លែង​ការងារ សហគមន៍ និង​ក្រុមគ្រួសារ​។​

​ថ្វីបើ​មាន​ជំហាន​វិជ្ជមាន​ដូច​បានលើកឡើង​ខាងលើ​ក៏ដោយ ប៉ុន្តែ​នៅ​មិនទាន់​មានច្បាប់​ប្រឆាំងនឹង​បទល្មើស​ស្ដីពី​ការ​ស្អប់ខ្ពើម និង​ច្បាប់​ការពារ​ការរើសអើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​នៅ​កម្ពុជា​។  ស្រដៀង​គ្នា​នេះដែរ មិនមាន​វិធានការ​រដ្ឋបាល ឬ​ផ្នែក​ច្បាប់​ណាមួយ​ដែល​ត្រូវបាន​ដាក់ចេញ​ឡើង​ដើម្បី​ការពារ​ប្រឆាំងនឹង​ការរើសអើង​ក្នុង​កន្លែង​ការងារ​នោះទេ​។  បច្ចុប្បន្ននេះ​មិនមាន​ការទទួលស្គាល់​ផ្នែក​ច្បាប់​ណាមួយ​ស្ដីពី​ការរួមរស់​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នោះទេ ប៉ុន្តែ ការរួមរស់​បែប​នោះ​ក៏​មិនបាន​ហាមឃាត់​ជា​ចំហ​ផងដែរ​។ រដ្ឋាភិបាល​ក៏​មិនបាន​បង្ហាញថា​នឹង​អនុម័ត​ច្បាប់ ដើម្បី​ទទួលស្គាល់​ជា​ចំហ​ចំពោះ​ការរួមរស់​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅក្នុង​ពេលអនាគត​ខាងមុខ​ដ៏​ខ្លី​នេះ​នោះទេ​។  


លោក​អ្នក​អាច​ទាញ​យក​ឯកសារ​ពេញ​ស្តីពី​ស្ថាន​ភាព​សិទ្ធិ និង​ស្ថាន​ភាព​លិទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ជាមួយ​ឯកសារ​យោង​នៅ​ទីនេះ
Creative Commons License