កញ្ញា គិត ឡេង

កញ្ញា គិត ឡេង មានអាយុ ៣៥ ឆ្នាំ បច្ចុប្បន្នមានតួនាទីជាជំនួយការរដ្ឋបាលម្នាក់នៅក្នុងរោងចក្រមួយក្នុងរាជធានី ភ្នំពេញ។ កញ្ញាបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី ៨ នៅសង្កាត់ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ដំបូង កញ្ញាបានចូលធ្វើការរោងចក្រជាកម្មករធម្មតាម្នាក់ដែលមិនបានយល់ដឹងអំពីសិទ្ធិការងារអ្វីឡើយ។ នៅឆ្នាំ២០០២ កញ្ញាបានចូលរួមជាសមាជិកសហជីព និងក្លាយជាសកម្មជនសិទ្ធិការងារយ៉ាងសកម្មនៅពេលនោះផងដែរ។

កញ្ញាបានបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗដើម្បីលើកកម្ពស់សិទ្ធិការងារ។ កត្តាដែល ជម្រុញឱ្យកញ្ញាចូលរួមក្នុងកិច្ចការនេះដោយសារកញ្ញាចង់ជួយដោះស្រាយបញ្ហាសង្គម ក៏ដូចជាជួយអ្នកក្រដូចគ្នាផងដែរ។ សកម្មភាពដែល កញ្ញាបានចូលរួមមានដូចជា តស៊ូមតិ ធ្វើការផ្សព្វផ្សាយតាមរោងចក្រ តាមវិទ្យុ តាមក្រសួងពាក់ព័ន្ធ ចរចាជាមួយរោងចក្រ ឬក្រុមហ៊ុន និងសម្របសម្រួលរឿងក្តីកម្មករ។ល។ មានសមិទ្ធផលជាច្រើនដែលកើតចេញពីការរួមចំណែក និងការខិតខំរបស់កញ្ញា ដូចជា លក្ខខណ្ឌការងារប្រសើរឡើង ការគោរពច្បាប់ការងារបានត្រឹមត្រូវជាងមុន អត្ថប្រយោជន៍សម្រាប់ស្ត្រីជាកម្មករ និងកម្មករផ្សេងទៀតមានការចូលរួម និងយល់ដឹងអំពីសិទ្ធិរបស់ខ្លួនឯងបានប្រសើរផងដែរ។

ទន្ទឹមនឹងភាពជោគជ័យ កញ្ញាក៏ធ្លាប់ទទួលរងនូវការរើសអើង ការមិនឱ្យតំលៃលើការខិតខំប្រឹងប្រែងរបស់កញ្ញា ដោយសារខ្លួនជាស្ត្រីភេទ ប៉ុន្តែបញ្ហា ឬឧបសគ្គទាំងនោះមិនបានធ្វើឱ្យកញ្ញាបាក់ទឹកចិត្ត ឬបញ្ឈប់សកម្មភាពជាសកម្មជនសិទ្ធិការងារនោះទេ។

នៅពេលដែលនិយាយអំពីសមភាពយេនឌ័រ កញ្ញាសំដៅទៅលើភាពស្នើគ្នារវាងបុរស ស្ត្រីក្នុងកិច្ចការអភិវឌ្ឍសង្គម ប្រទេសជាតិ និងការដឹកនាំ ប៉ុន្តែការអនុវត្តជាក់ស្តែងមិនទាន់ស្មើគ្នានៅឡើយទេ គឺមានតែការនិយាយ ឬសរសេរតែប៉ុណ្ណោះ។ កញ្ញាសង្កត់ធ្ងន់ថា ត្រូវលើកស្ទួយ និងផ្តល់ឱកាសដល់ស្ត្រីឱ្យបានច្រើន ហើយប្រសិនបើបុរស និងស្ត្រីធ្វើការរួមគ្នា និងអាចកាត់បន្ថយជម្លោះបានច្រើន៕

កញ្ញា គិត ឡេង