សង្គមស៊ីវិល និងគ្រួសារ​ទាមទារឱ្យ​ក្រសួង​យុត្តិធម៌​ស៊ើបអង្កេតឡើង​វិញ​លើ​សំណុំ​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី

  • 11/06/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

លោក រស់ សារ៉ាត់អ្នកសម្របសម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​(CCHR)​ បានប្រាប់ Newsroom Cambodia ថា CCHR ជំរុញ​ឱ្យ​​​រដ្ឋាភិបាល​ស៊ើបអង្កេតឡើងវិញ​លើរឿងនេះ​ ហើយ​ចូលរួម​ការពារ​សិទ្ធិសេរីភាព​ចំពោះ​សកម្មជន​ដែល​ហ៊ាន​ពលីជីវិត​ដើម្បី​ជាតិ។  


លោកដនិយាយ​ថា៖ «កន្លងមក​យើងឃើញ​ថានៅ​ពេលដែល​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន​ត្រូវបានសម្លាប់ ដូចជាករណីលោក ឈុត វុទ្ធីលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី តែងរង​ការរិះគន់​ថាករណីទាំងនោះ​មិនទទួល​បានយុត្តិធម៌ ដោយសារកង្វះការ​ស៊ើបអង្កេត​ដែល​អាចជឿ​ជាក់បាន និងឯករាជ្យភាព​នៃប្រព័ន្ធ​តុលាការ។ ដើម្បី​ផ្ដល់យុត្តិធម៌​ពិតប្រាកដ ការស៊ើប​អង្កេតដោយឯករាជ្យ និងតម្លាភាព គឺជា​ការចាំបាច់​បំផុត ដើម្បីធានា​ជនដៃដល់ និងអ្នក​ពាក់ព័ន្ធ​ត្រូវបាននាំមកផ្តន្ទាទោស»។


លោកបន្ថែម​ថា នៅពេល​ដែល​ករណី​ណាមួយ​មិនត្រូវបាន​ផ្តល់​យុត្តិធម៌ នោះ​វប្បធម៌​និទណ្ឌភាព ឬភាពរួចទោសពីការ​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់ នៅ​តែមាន ដែលជា​មូលហេតុ​ធ្វើ​ឱ្យ​ សាធារណជន​បាត់បង់​ទំនុកចិត្ត​លើប្រព័ន្ធ​យុត្តិធម៌។