សកម្មជនបរិស្ថានបួនរូបត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល

កាលបរិច្ឆេទបង្កើត : 17 / Jun / 2021
លក្ខណៈនៃការគំរាម :
សិទ្ធិដែលពាក់ព័ន្ធ :

ការពិពណ៌នាលម្អិត


នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សកម្មជនបរិស្ថានចំនួនបីនាក់ត្រូវបានចាប់ខ្លួននៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញនៅម៉ោងប្រហែល ១១ ព្រឹក បន្ទាប់ពីពួកគេបានចុះទៅថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងនៅតាមដងទន្លេក្បែរព្រះបរមរាជវាំង។ សកម្មជនទាំងបីនាក់នោះមានកញ្ញា ស៊ុន រដ្ឋា លោក សិដ្ឋ ឈីវលីម៉េង និង លោក លី ចាន់ដារ៉ាវុទ្ធ។ សកម្មជនមួយរូបផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីគាត់ត្រូវបានអាជ្ញាធរកោះហៅ។ អ្នកទាំងបួននាក់នោះគឺជាសមាជិកមាតាធម្មជាតិកម្ពុជា។ យោងតាមព័ត៌មានចុងក្រោយដែលយើងទទួលបាន សកម្មជនបីនាក់ដែលត្រូវបានចាប់ខ្លួននៅខណ្ឌដូនពេញនោះត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីសួរចម្លើយ។ ត្រឹមរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកទាំងបីកំពុងត្រូវបានឃាត់ខ្លួនដើម្បីសួរចម្លើយនៅអគ្គស្នងការដ្ឋាននគបាលជាតិ។ ពួកគេអាចនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីបន្ទាប់ពីការសួរចម្លើយចប់។ មិនមានព័ត៌មានណាមួយបញ្ជាក់ថាសកម្មជនម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅខេត្តកណ្តាលនោះកំពុងស្ថិតនៅទីណានោះទេ។

កាលពីខែកញ្ញា ឆ្នាំ២០២០ សកម្មជនបរិស្ថានចំនួនបីនាក់រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកមាតាធម្មជាតិកម្ពុជាដែរនោះ ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញពាក់ព័ន្ធនឹងគម្រោងដើរទៅកាន់ផ្ទះនាយករដ្ឋមន្ត្រីដោយស្ត្រីម្នាក់ដើម្បីបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានជុំវិញការអភិវឌ្ឍបឹងតាមោក ជាបឹងចុងក្រោយដែលនៅសល់ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនបួនលានរៀល កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ អ្នកទាំងបីនាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។

ទំនាក់ទំនង
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោងការពារ​សេរីភា​ព​មូលដ្ឋាន​ នៃ ម​.​ស​.​ម​.​ក តាមរយៈ​ទូរស័ព្ទលេខ​៖ +៨៥៥ (០) ១៧ ៨៨៦ ៦៩៥ ឬ​អ៊ី​ម៉ែ​ល៖ [email protected]

ព័ត៌មានទំនាក់ទំនង