ករណីសង្ខេប របស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

  • 27/04/2026
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

កាលពីខែកក្កដា ឆ្នាំ២០២៤ សកម្មជននៃក្រុមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួនបីរូប គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបាននគរបាលខេត្តសៀមរាបចាប់ខ្លួន។ អ្នកទាំងបីគឺផ្នែកនៃក្រុមដែលធ្វើដំណើរទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សហគមន៍ឱ្យយល់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ច្បាប់រដ្ឋធម្មនុញ្ញ និងលើកទឹកចិត្តឱ្យក្លាយជាពលរដ្ឋសកម្ម។ ការចាប់ខ្លួននេះជាការឆ្លើយតបទៅនឹងវីដេអូដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា នៅព្រឹកនោះ ដែលលោក ស៊្រុន ស្រ៊ន និងកញ្ញា ភឹង សោភា និយាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-និងវៀតណាម (តំបន់ត្រីកោណ)។ វីដេអូខ្លីនោះត្រូវបានដកស្រង់ចេញពីវីដេអូផ្សាយផ្ទាល់រយៈពេលមួយម៉ោង កាលពីថ្ងៃទី២១ ខែកក្កដា ដែលពួកគេធ្វើការឆ្លើយតបទៅនឹងសំណួររបស់ពីសាធារណជនអំពីតំបន់ត្រីកោណ។ អ្នកនាំពាក្យនគរបាលជាតិបានបញ្ជាក់ពីការចាប់ខ្លួននេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីបាននិយាយអំពីការចាប់ខ្លួនពួកគេនៅក្នុងការផ្សាយផ្ទាល់នៅលើហ៊្វេសប៊ុក។ លោកថ្លែងថា «ខ្ញុំព្រះករុណាខ្ញុំស្នើដល់តុលាការ ប្រសិនបើកាត់ទោស គួរតែកាត់ទោសដល់អតិប្បរិមាន»។ នៅពេលនោះ សកម្មជនទាំងបីនាក់នៅមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយ។ ការចាប់ខ្លួនសកម្មជនទាំងបីនាក់គឺជាករណីដំបូងនៃការចាប់ខ្លួនមនុស្សជាង ៨០ នាក់ក្នុងសប្ដាហ៍បន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងការបញ្ចេញទស្សនៈរបស់ពួកគេទៅនឹងតំបន់ត្រីកោណ។ សកម្មជនទាំងបី ស្ថិតក្នុងចំណោមមនុស្សចំនួន ៣៧ នាក់រងការចោទប្រកាន់ពីបទ ញ៉ុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលអាចដាក់ទោសពន្ធនាគាររយៈពេលពី ប្រាំមួយខែ ទៅដល់ ពីរឆ្នាំ។ សវនាការជាច្រើនលើកត្រូវបានធ្វើឡើងសម្រាប់ករណីរបស់ពួកគេ ហើយសវនាការលើកចុងក្រោយបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ករណីសង្ខេបនេះនឹងប្រាប់អ្នកអំពីកាលប្បវត្តិនៃករណីពីពេលចាប់ផ្ដើម ដល់ពេលបច្ចុប្បន្ន។