របកគំហើញសំខាន់ៗ របាយការណ៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ឆ្នាំ២០២៥

  • 08/10/2026
  • ការផ្សាយ > បណ្ណព័ត៌មាន

ឆ្នាំ២០២៥ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី“សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅឆ្នាំ២០២៥”  ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ របាយការណ៍នេះ វិភាគលើទិន្នន័យដែលប្រមូលបានតាម រយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៤២២ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៥៧៣ នាក់ នៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ។ អ្នកសង្កេតសវនាការបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃកម្រិតនៃការអនុវត្តនូវបទដ្ឋានជាតិ និងអន្តរជាតិទាក់ទិននឹងការលើកកម្ពស់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយតុលាការទាំងបួនពាក់ព័ន្ធនឹងសិទ្ធិសំខាន់ៗចំនួន១៤។