មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ទាំងបួននៅឆ្នាំ២០២៥
- 08/10/2026
- ការផ្សាយ > សេចក្តីថ្លែងការណ៍
ថ្ងៃនេះ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី“សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅឆ្នាំ២០២៥” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ របាយការណ៍នេះ វិភាគលើទិន្នន័យដែលប្រមូលបានតាម រយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៤២២ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៥៧៣ នាក់ នៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ។ អ្នកសង្កេតសវនាការបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃកម្រិតនៃការអនុវត្តនូវបទដ្ឋានជាតិ និងអន្តរជាតិទាក់ទិននឹងការលើកកម្ពស់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយតុលាការទាំងបួនពាក់ព័ន្ធនឹងសិទ្ធិសំខាន់ៗចំនួន១៤។
