សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលសម្តែងការខកចិត្តចំពោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលពុំបានបោះឆ្នោតគាំទ្រ លើការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧
- 05/10/2026
- ការផ្សាយ > សេចក្តីថ្លែងការណ៍
សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល សម្តែងការខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងនៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដែលភាគច្រើនលើសលប់នៃសមាជិករបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតរក្សាតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារអាម៉េរិកដដែល មិនគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៧ ជូនដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា។ ចំណែកការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២ ដុល្លារអាម៉េរិក បន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២១០ ដុល្លារ អាមេរិក នោះ គឺដោយសារមានការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ដែលនាំឱ្យប្រាក់ឈ្នួលអប្បបរមាកើនឡើងបាន ២ ដុល្លារអាម៉េរិក។ ការបោះឆ្នោតរបស់សមាជិកភាគច្រើនលើសលប់លើការរក្សាតួលេខ ២១០ ដុល្លារអាម៉េរិក និងការចេញសេចក្តីសម្រេចភ្លាមៗនៅថ្ងៃដដែល ប្រកាសយកតួលេខ ២១០ ដុល្លារ អាម៉េរិក ក្នុងមួយខែជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៧ នាំឱ្យមានវិមតិសង្ស័យជុំវិញឯករាជ្យភាព តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពក្នុងការបំពេញតួនាទីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
